ស្វាយរៀង៖ បុរសជាឪពុកចុងម្នាក់ បានចាប់រំលោភកូនស្រី អាយុ១១ឆ្នាំ បានសម្រេចជាច្រើនដង និងត្រូវបានបែកធ្លាយ ខណៈប្រុងចាប់រំលោភម្តងទៀត តែត្រូវប្រជាពលរដ្ឋជិតខាង បានទាន់ និងបានប្តឹងសមត្ថកិច្ច នៅយប់ថ្ងៃទី២៩ កញ្ញា២០២០។
បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារ បានឲ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ថា មានករណីឪពុកចុង បង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)។
ករណីចាប់បង្ខំកូនស្រីរួមភេទនេះ កើតឡើង កាលពីយប់ថ្ងៃទី២៨ កញ្ញា ២០២០ នៅវេលាម៉ោង៩និង៣០នាទីយប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក៏ប៉ុន្តែប្រជាពលរដ្ឋ មិនហ៊ានប្តឹង លុះនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា
ឪពុកចុងរូបនេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀត ទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹង និងរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង ។
ជនសង្ស័យមានឈ្មោះ សាញ់ រតនា អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែក ជនរងគ្រោះ អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុខាងលើ។
តាមចម្លើយសារភាព ជនសង្ស័យ ពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុងរួមភេទ បានចំនួនពី ៧ ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ កញ្ញា ២០២០នេះ។
បើតាមចម្លើយសារភាព ជនសង្ស័យតែងតែចាប់កូនស្រីរំលោភ នៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ(ស្ត្រីជាម្តាយ ក៏ជាអ្នកចំរៀងភ្លេងការដែរ) នៅពេលណាមានទទួលភ្លេងការទៅលេងភ្លេងការឲ្យគេ។ បុរសរូបនេះ តែងតែចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រី មិនឲ្យប្រាប់ម្តាយ បើប្រាប់នឹងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ម្តាយស៊ូទ្រាំឈឺចាប់អស់រយៈពេល ៩ខែមកហើយ។
នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធី៕