ជាការពិតណាស់ បើនិយាយពីអាជីពក្នុងនាមជាតារា លោកអ្នកប្រាកដជាស្រមើស្រមៃឃើញថាពួកគេជាបុគ្គលម្នាក់កាន់ក្បាលមៃក្រូលើឆាកតន្ត្រី សម្តែងនៅមុខកាមេរ៉ា ដើម្បីជាការបម្រើអារម្មណ៍ដល់អ្នកគាំទ្រជាក់ជាមិនខាន តែក្នុងនោះ ក្រៅពីអាជីពជាតារា សិល្បករ-ការិនី មួយចំនួនក៏មានមុខជំនួញរបស់រកស៊ីផ្សេងៗគ្នាផងដែរ ដើម្បីបន្ថែមចំណូល ។
ដោយឡែក បើក្រឡេកមកមើលតារាប្រុស ៤ រូប ខាងក្រោម ដោយមានទាំងតារាចម្រៀង តារាសម្តែង និង ពិធីករ ផងនោះ ពួកគេក៏កំពុងតែមមាញឹកក្នុងការជួយប្រកបរបររកស៊ីលក់អនឡាញរបស់ភរិយា ។ លើសពីនោះ ក្នុងនាមជាស្វាមី តារាប្រុសទាំងនោះត្រូវបានភរិយាឱ្យចូលរួមលក់ផលិតផលតាមការ Live ច្រើនម៉ោង ដោយខុសប្លែកពេលនៅលើឆាក ច្រៀងប៉ុន្មានបទក៏ចប់ សម្តែងប៉ុន្មានប្លង់សម្រាកនោះ ។
១- លោក កែវ វាសនា
តារាចម្រៀង កែវ វាសនា បានរៀបការជាមួយនឹងភរិយាមានអាជីពលក់អនឡាញតាំងពីដើមមកម្ល៉េះ ។ យ៉ាងណាមិញ ក្រោយពីរៀបការរួចអ្នកទាំងពីរក៏បង្កើនមុខជំនួញនាំចូលផ្តាច់មុខផលិតផលសម្រស់ជាច្រើនទៀត រហូតធ្វើឱ្យលោក កែវ វាសនា ត្រូវជួយភរិយាក្នុងការរកស៊ីផងដែរ ។ ដំបូងៗតារាចម្រៀងប្រុសរូបនេះ នៅរវល់នឹងអាជីពជាតារាចម្រៀងនៅឡើយ តែក្រោយមកលោកហាក់សស្រាក់សស្រាំជួយផ្សព្វផ្សាយផលិតផលភរិយា និង ចូល Live លក់ផលិតផលទៀតផង ។
២- លោក នី រតនា
តារាចម្រៀង នី រតនា ក៏មិនខុសប្លែកពីលោក កែវ វាសនា ប៉ុន្មានដែរ គឺលោកបានរៀបការនឹងភរិយាដែលមានមុខជំនួញក្នុងដៃតាំងពីនៅលីវមកហើយ ហើយក្រោយរៀបការ អ្នកទាំងពីរកាន់តែសម្រុកបន្ថែមលើមុខជំនួញដដែល ។ មិនត្រឹមតែប៉ុណ្ណោះ លោក នី រតនា ក៏តែង Live វីដេអូ លក់ផលិតផលតាមអនឡាយជាញឹកញាប់ជាមួយភរិយាដែរ ។
៣- លោក ថមមី
តារាសម្តែង ថមមី ថ្មីៗនេះដែរ ហាក់សកម្មក្នុងការជួយការងារលក់សម្លៀកបំពាក់តាមអនឡាយ ជាមួយនឹងភរិយា គឺកញ្ញា សួស វីហ្សា នៅពេលលោកសម្រាកពីការងាររដ្ឋម្តងៗ ។ លើសពីនោះ ក្រោយពីដំណើរការលក់អនឡាញរបស់ភរិយា លោក ថមមី ក៏ចាប់ផ្តើមបន្ថែមការលក់សម្លៀកបំពាក់បុរសៗ និង ផលិតផលមួយចំនួនទៀតផង ។
៤- លោក រតនា
វីជេ រតនា ក្រោយពីរៀបការនឹងអតីត Freshie Girl ឆ្នាំ ២០០៩ និង មានកូន ៣ នាក់មកហើយនោះ តារាប្រុសរូបនេះ ហាក់ស្ងាត់ឈឹងក្នុងអាជីពសិល្បៈ ក៏ព្រោះតែលោកសម្រុកជួយមុខជំនួញប្រពន្ធ ក្នុងការលក់ផលិផលថែសម្រស់ ។ លើសពីនោះ វីជេ រតនា តែងតែ Live វីដេអូ ជាមួយនឹងភរិយារៀងរាល់ថ្ងៃលក់ផលិតផលតាមអនឡាញផងដែរ ៕