វីដេអូស្តែងៗ អស្ចារ្យក្រៃលែង! ថ្ងៃសីលពេញបរមី ថ្ងៃរះមកចំកំពូលប្រាសាទចេញពណ៍មាស
អត្តបទផ្សេង៖
រំលឹកប្រវត្តិប្រាសាទអង្គរវត្ត អ្នកណាខ្លះចាំថា អង្គរវត្តបង្កើតឆ្នាំណា ដោយព្រះមហាក្សត្រអង្គណា របស់ខ្មែរយើង ?
ប្រាសាទអង្គរវត្តត្រូវបានកសាងនៅដើមសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ដែលព្រះអង្គគ្រងរាជចាប់ពីឆ្នាំ១១១៣ដល់១១៥០ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ អង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប
តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទនេះកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។
ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថាប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេពទៀតផង។
តាមវចនានុក្រមរបស់លោកស្រី ពៅ-សាវរស អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង រាជធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។ តាមវចនានុក្រមគឺវាបានមកពី នគរវត្ត ជាឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុងរឿងដោយលំអគ្មានពីរ (ហៅក្លាយមកជាអង្គរវត្ត) ។
ពាក្យ នគរនេះច្រើនតែមានសំឡេងក្លាយឃ្លាតជាអង្គរដូច្នេះឯង ដូចជានគរបាល នគរបុរី នគរយមរាជ នគរវត្តក្លាយជាអង្គរបាល អង្គរបុរី អង្គជុំ អង្គវត្តជាដើម។ ការដែលគេហៅបែបនេះក៏ព្រោះតែសំដៅលើវត្តពីរដែលនៅក្នុងបរិវេណអង្គរវត្តគឺវត្តឥន្ទបត្តបុរីខាងជើង និង វត្តឥន្ទបត្តបុរីខាងត្បូងដែលត្រូវបានកសាងក្នុងសតវត្សរ៍ទី១៦ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ដែលកាលនោះប្រទេសកម្ពុជាបានងាកត្រឡប់មកកាន់ព្រះពុទ្ធសាសនាវិញ។ ហេតុនេះហើយទើបអ្នកស្រុកហៅថាអង្គរវត្តរហូតមកដល់សព្វថ្ងៃ។
ចំណែកពាក្យថាអង្គរតូចគឺប្រហែលជាគេបានប្រៀបធៀបប្រាសាទនេះទៅនឹងក្រុងអង្គរធំ ដែលមានទំហំធំជាងប្រាសាទអង្គរវត្ត។ ទោះជាយ៉ាងណាក៏ដោយតាមការស្រាវជ្រាវបានបង្ហាញថា ប្រាសាទអង្គរវត្តនេះមានឈ្មោះដើមថា «បរមវិស្ណុលោក»
សំដៅលើបច្ឆាមរណៈនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ដែលជាស្ថាបនិកកសាងប្រាសាទនេះ។ ដើម្បីកសាងប្រាង្គកំពូល៥ដ៏មហិមានេះទ្រង់បានចំណាយពេលជាង៣០ឆ្នាំក្នុងរជ្ជកាលរបស់ព្រះអង្គតែក៏នៅមិនអាចកសាងបានចប់ចុងចប់ដើម។ លុះមកដល់រជ្ជកាលព្រះបាទចន្ទរាជាទើបទ្រង់បានចាត់អោយគេជួសជុលនិងឆ្លាក់បន្ថែមនូវចម្លាក់តាមជញ្ញាំងប្រាសាទនៅថែវខាងកើតឈៀងខាងជើង និងមួយផ្ទាំងទៀតនៅផ្នែកខាងជើងឈៀងខាងកើត។ រីឯផ្នែកខាងលើបង្អស់នៃប្រាសាទអង្គរវត្តដែលនៅចំតួប៉មកណ្តាលត្រូវមានជួសជុលនិងបន្ថែមចំលាក់ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ដែលត្រូវជាចៅរបស់ព្រះបាទចន្ទរាជា។
ប្រាសាទអង្គរវត្តជាសំណង់ស្ថាបត្យកម្មដ៏ធំហើយរឹងមាំគង់វង្សបានយូរជាងប្រាសាទនានាទាំងអស់ក្នុងតំបន់អង្គរ បើទោះជាប្រាសាទនេះត្រូវបានបំផ្លិចបំផ្លាញដោយពួកចាមនិងជ្វាកាលពីអតីតកាលក៏ដោយ ។ ប្រាសាទនេះគឺជានិមិត្តរូបពោរពេញដោយថាមពលរបស់កម្ពុជា និងជាប្រភពនៃមហាមោទនភាពជាតិដែលបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេសស្កូនៅថ្ងៃ១៤ខែធ្នូឆ្នាំ១៩៩២៕